ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា (Angkor Warriors) បានឈ្នះមេដាយចំនួន ២ គ្រឿង គឺមេដាយមាស ១ គ្រឿង និងមេដាយសំរឹទ្ធ ១ គ្រឿង ពីព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិចិន-អាស៊ាន (China-ASEAN Esports Competition 2026) ដែលបានបញ្ចប់ទៅកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា លើវិញ្ញាសា Valorant បានបង្កើតកំណត់ត្រាដ៏ល្អឥតខ្ចោះ មុនពេលទទួលបានមេដាយមាសជាលើកដំបូងនៅលើឆាកអន្តរជាតិ។ ឆ្លងកាត់ការប្រកួតចំនួន ៦ លើក ក្រុមអ្នកចម្បាំងអង្គរបានយកឈ្នះគូប្រកួតទាំងអស់ ដោយមិនស្គាល់ពាក្យថាបរាជ័យឡើយ។
នៅវគ្គសន្សំពិន្ទុក្នុងពូល ក្រុមកម្ពុជាបានយកឈ្នះថៃ ដោយលទ្ធផល ១៨-១៦ ឈ្នះព្រុយណេ ១៣-៨ ឈ្នះមីយ៉ាន់ម៉ា ១៦-១៤ និងឈ្នះសិង្ហបុរី ១៣-៥ ដើម្បីឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងពូល B និងឡើងទៅកាន់វគ្គខ្វែង។

នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្ពុជាបានយកឈ្នះវៀតណាម ដោយលទ្ធផល ២-១ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ នៅវគ្គនេះ ក្រុមកម្ពុជាបានយកឈ្នះម៉ាឡេស៊ី ដោយលទ្ធផល ២-០ និងក្លាយជាម្ចាស់មេដាយមាសជាលើកដំបូងនៅលើឆាកអន្តរជាតិ។
ជាមួយគ្នានេះ ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា លើវិញ្ញាសា MLBB ក៏ទទួលបានមេដាយសំរឹទ្ធផងដែរ។ ក្រុមអ្នកចម្បាំងអង្គរបានឈ្នះទាំង ៤ ប្រកួតនៅវគ្គសន្សំពិន្ទុ ដើម្បីឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងពូល A។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមកម្ពុជាបានចាញ់ឥណ្ឌូណេស៊ី ដោយលទ្ធផល ០-២ ដែលបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ ប៉ុន្តែ ក្រុមកម្ពុជាបានយកឈ្នះម្ចាស់ផ្ទះចិន ដោយលទ្ធផល ២-០ នៅវគ្គដណ្តើមចំណាត់ថ្នាក់លេខ៣ ដើម្បីដណ្តើមបានមេដាយសំរឹទ្ធ។

សូមបញ្ជាក់ថា ប្រតិភូកីឡាកម្ពុជាដែលដឹកនាំដោយឯកឧត្តម លន់ សាមឌី បានបញ្ជូនក្រុមចំនួន ២ លើវិញ្ញាសា MLBB និង Valorant ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអន្តរជាតិចិន-អាស៊ាន (China-ASEAN Esports Competition) ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦៕

ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា (Angkor Warriors) បានឈ្នះមេដាយចំនួន ២ គ្រឿង គឺមេដាយមាស ១ គ្រឿង និងមេដាយសំរឹទ្ធ ១ គ្រឿង
ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ ២ លើវិញ្ញាសា Mobile Legends Bang Bang ក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកចិន-អាស៊ាន
នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមកីឡាអេឡិចត្រូនិកអ្នកចម្បាំងអង្គរ បានធ្វើដំណើរទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកចិន-អាស៊ាន
ក្រុមកម្ពុជាបានឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតអេឡិចត្រូនិកចិន-អាស៊ាន ឆ្នាំ២០២៤ (China-ASEAN Esports Competition)
