ក្រុមកីឡាករអេឡិចត្រូនិកកម្ពុជាវិញ្ញាសា Mobile Legends Bang Bang បានឡើងទៅកាន់ជុំចុងក្រោយក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី (Asian Games) ឆ្នាំ ២០២៦ នៅប្រទេសជប៉ុន បន្ទាប់ពីធ្វើបានយ៉ាងល្អក្នុងការប្រកួតជម្រុះបានបញ្ចប់កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៦ នៅប្រទេសសិង្ហបុរី។

ពូល A ប្រចាំតំបន់អាស៊ាន មាន ៨ ប្រទេសចូលរួមប្រកួតគឺ កម្ពុជា ហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម សិង្ហបុរី និងឡាវ។ បើកឆាក កម្ពុជា បានវាយបកឈ្នះ មីយ៉ាន់ម៉ា ដោយលទ្ធផល ២-១ ហើយបន្ទាប់មកឈ្នះ វៀតណាម ២-០ និងវាយបកឈ្នះ ហ្វីលីពីន។ ការឈ្នះ ហ្វីលីពីន គឺជាកំណត់ត្រាជ័យជម្នះលើកដំបូងសម្រាប់ក្រុមកម្ពុជា ដែលនេះហើយបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ការប្រកួតបន្ទាប់ កម្ពុជា បានឈ្នះ សិង្ហបុរី ២-០ និងបង្កើតការភ្ញាក់ផ្អើលជាថ្មីតាមរយៈជ័យជម្នះ ២-០ លើម៉ាឡេស៊ី ព្រមទាំងឈ្នះ ២-០ ទៀតលើ ឡាវ ប៉ុន្តែការប្រកួតចុងក្រោយ បានចាញ់ ឥណ្ឌូណេស៊ី ១-២។

ក្រោយចប់វគ្គជម្រុះប្រចាំតំបន់អាស៊ានគឺ កម្ពុជា ហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង មីយ៉ាន់ម៉ា ទទួលបានកៅអីទៅប្រកួតជុំចុងក្រោយក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី Asian Games នៅប្រទេសជប៉ុន។ ចំណែក វៀតណាម ឡាវ និង សិង្ហបុរី បានធ្លាក់។

លទ្ធផលទាំង ៧ ប្រកួតរបស់ កម្ពុជា
- ឈ្នះ មីយ៉ាន់ម៉ា ២-១
- ឈ្នះ វៀតណាម ២-០
- ឈ្នះ ហ្វីលីពីន ២-១
- ឈ្នះ សិង្ហបុរី ២-០
- ឈ្នះ ម៉ាឡេស៊ី ២-០
- ឈ្នះ ឡាវ ២-0
- ចាញ់ ឥណ្ឌូណេស៊ី ១-២

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី នឹងធ្វើពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២៦ នៅប្រទេសជប៉ុនដែលមានកីឡាប្រមាណ ៤៣ ប្រភេទ ក្នងនោះកីឡាអេឡិចត្រូនិកសម្រាប់តែវិញ្ញាសា MLBB មាន ១២ ប្រទេសដែលទទួលបានសិទ្ធិចូលរួមប្រកួតគឺ ១.កម្ពុជា ២.ហ្វីលីពីន ៣.ឥណ្ឌូណេស៊ី ៤.ម៉ាឡេស៊ី ៥.មីយ៉ាន់ម៉ា ៦.អារ៉ាប៊ីសាអ៊ូឌីត ៧.ហ្សកដានី ៨.អ៊ីរ៉ង់ ៩.កាហ្សាស្ថាន ១០.អ៊ូបេគីស្ថាន ១១.ម៉ុងហ្គោលី និង ១២.ចិន-ហុងកុង៕
រុមកីឡាករអេឡិចត្រូនិកកម្ពុជាវិញ្ញាសា Mobile Legends Bang Bang បានឡើងទៅកាន់ជុំចុងក្រោយក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី (Asian Games) ឆ្នាំ ២០២៦ នៅប្រទេសជប៉ុន
