ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក្រោមវត្តមានឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយ អប់រំ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងអ្នកគាំទ្រ នារសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌល T.Y Center។
ខាងក្រោមជាប្រសាសន៍ទាំងស្រុងរបស់ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក្នុងពិធីចុះហត្ថលេខាធិការក្នុងអនុស្សរណៈនៃការយោគយល់គ្នា រវាង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ស្តីពី កិច្ចសហការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយ អប់រំ ពីផលប៉ះពាល់ និង គ្រោះថ្នាក់នៃគ្រឿងញៀន។ ក្នុងនាមសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ខ្ញុំពិតជាមានមោទនភាព ដែលបានចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមទស្សនវិស័យ “ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន” សំដៅរួមចំណែកក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកជាអាទិភាពខ្ពស់។
អនុញ្ញាតឲ្យខ្ញុំបានគូសបញ្ជាក់អំពីប្រវត្តិរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។ សហព័ន្ធបានបង្កើតឡើងនៅក្នុងមហាសន្និបាតលើកទី១ របស់ខ្លួននៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤។ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាត្រូវបានទទួលស្គាល់ដោយស្ថាប័នជាតិរួមមាន ក្រសួងអប់រំ យុវជននិងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងនាមជាស្ថាប័នមានតួនាទីភារកិច្ចអភិវឌ្ឍន៍កីឡាអេឡិចត្រូនិកក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យមានការរីកចំរើនស្របតាមគោលការណ៍កីឡាជាតិ-អន្តរជាតិ និងដឹកនាំការប្រកួតកីឡាអេឡិចត្រូនិកថ្នាក់ជាតិ-អន្តរជាតិ និងតំណាងកម្ពុជាទៅចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិ ព្រមទាំងរៀបចំការប្រកួតផ្សេងៗ។ ក្នុងនាមគ្រួសារកីឡាកម្ពុជា សហព័ន្ធកីឡាអេឡិចត្រូនិកក៏ជាសមាជិកនៃគណៈកម្មាធិការប្រឆាំងដូប៉ានៃកម្ពុជា (CADC) និងទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (CADA) ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងដូប៉ាក្នុងវិស័យកីឡាផងដែរ។ នៅលើឆាកអន្តរជាតិ សហព័ន្ធត្រូវបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិ នៃសហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី (Asian Electronic Sports Federation-AESF) សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ (International Esports Federation-IESF) និងសហព័ន្ធកីឡាអេឡិចត្រូនិកពិភពលោក (Global Esports Federation-GEF)។
កីឡាអេឡិចត្រូនិក ជាកីឡាមួយប្រភេទដែលការប្រកួតធ្វើឡើងនៅលើប្រព័ន្ធបច្ចេកវិទ្យាទំនើប ដោយកីឡាករ-កីឡាការិនីប្រើប្រាស់នូវឧបករណ៍អេឡិចត្រូនិករួមមាន ទូរស័ព្ទដៃ ថាប្លេត កុំព្យូទ័រ ជាមធ្យោបាយក្នុងការប្រកួត ដែលជាកត្តាមួយជំរុញឲ្យកីឡាករ កីឡាការិនី គ្រូបង្វឹក និងអ្នកគាំទ្រកីឡានេះ ភាគច្រើនជាយុវជន។ ក្នុងរយៈពេល១០ឆ្នាំមកនេះ ជាមួយនឹងការបំពេញតួនាទី និងបេសកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានជំរុញ និងលើកកម្ពស់កីឡាអេឡិចត្រូនិកឲ្យមានការអភិវឌ្ឍជាបន្ត
បន្ទាប់ ជាពិសេសគឺការដណ្តើមបានជូនជាតិមាតុភូមិនូវមេដាយពីការប្រកួតកម្រិតតំបន់ និងពិភពលោក រួមមាន កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាអេឡិចត្រូនិកទទួលបានមេដាយសរុបចំនួន៥ រួមមាន មាស ៣ ប្រាក់ ១ និង សំរិទ្ធ ១ និងក្នុងឆ្នាំ២០២៤ នេះទទួលបានមេដាយមាស ពីការប្រកួតកីឡាអេឡិចត្រូនិកអាស៊ាន-ចិន និងមេដាយប្រាក់ គ្រងដំណែងជាជើងឯករងពិភពលោក ពីការប្រកួតជើងឯកពិភពលោក លើកទី១៦ ឆ្នាំ២០២៤ ដែលជាការបំបែកកំណត់ត្រាប្រវត្តិសាស្រ្តរបស់ក្រុមកីឡាការិនីកម្ពុជាដែលបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូង។
បច្ចុប្បន្នកីឡាករ កីឡាការិនី គ្រូបង្វឹក អ្នកអត្ថាធិប្បាយកីឡាអេឡិចត្រូនិក បានក្លាយទៅជាបុគ្គលដែលមានអ្នកគាំទ្រ ដែលការគាំទ្រនោះទៀតសោត ទទួលបានភាគច្រើនមកពីស្រទាប់យុវជន ដែលខ្លះក៏ជាអ្នកលេងកីឡាអេឡិចត្រូនិកនេះផងដែរ។ កត្តាទាំងនេះបានផ្តល់ឳកាស និងជាសក្ខានុពលមួយដល់សហព័ន្ធក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការផ្សព្វផ្សាយ អប់រំ ជំរុញលើកទឹកចិត្តដល់អ្នកគាំទ្រទាំងអស់ ដែលភាគច្រើនជាសិស្ស និស្សិតឲ្យយល់ដឹងស៊ីជម្រៅ និងកាន់តែច្បាស់ តាមរយៈការចូលរួមជាសារអប់រំ ដាស់តឿន និងព័ត៌មានផ្សេងៗ ពីកីឡាករ កីឡាការិនី អ្នកអត្ថាធិប្បាយកីឡា ដោយការបង្ហោះសារនៅក្នុងបណ្តាញសង្គមរបស់ពួកគេ ឬជាការអត្ថាធិប្បាយក្នុងអំឡុងពេលប្រកួត អំពីផលប៉ះពាល់ គ្រោះថ្នាក់ និងវិនាសកម្មដែលបណ្តាលមកពីគ្រឿងញៀន ក៏ដូចជាការចូលរួមទប់ស្កាត់បទ លើសគ្រឿងញៀន ដោយប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ App-No Drug ជាដើម ដែលសាររបស់កីឡាករ កីឡាការិនី អ្នកអត្ថាធិប្បាយកីឡា នឹងបានទៅដល់យុវជនដែលជាអ្នកគាំទ្រ និងទស្សនាកីឡាអេឡិចត្រូនិក ហើយអាចនឹងមានឥទ្ធិពលជ្រួតជ្រាបដល់ពួកគេឲ្យមានការយល់ដឹង ចូលរួមទប់ស្កាត់ និងជៀសឆ្ងាយពីគ្រឿងញៀន ដូចជាពាក្យស្លោកថា លេងកីឡាភ្លេចញៀន ស្ពាយពានចូលផ្ទះ និង ត្រូវនិយាយថាទេចំពោះគ្រឿងញៀន។
ជាមួយនឹងការចុះអនុស្សរណៈយោគយល់គ្នានេះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សូមប្តេជ្ញា និងសង្ឃឹមយ៉ាងមុតមាំថា ការផ្សព្វផ្សាយពាក់ព័ន្ធអំពីបញ្ហាគ្រឿងញៀននឹងកាន់តែមានការផុសផុលឡើងតាមរយៈការបង្កើតជាកម្មវិធីផ្សេងៗដូចជាសិក្ខាសាលា ឬតាមរយៈការរៀបចំជាការប្រកួតផ្សេងៗ ដែលអាចបញ្ជៀបសារទៅដល់យុវជនឲ្យចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននេះ។
ជាទីបញ្ចប់ ក្នុងឱកាសនៃពិធីចុះអនុស្សរណៈនៃការយោគយល់ រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ស្តីពី កិច្ចសហការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ខ្ញុំសូមគោរពជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី កីឡាករ កីឡាការិនី គ្រូបង្វឹក អ្នកអត្ថាធិប្បាយកីឡា និងអ្នកចូលរួមទាំងអស់ដែលមានវត្តមាននៅទីនេះ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា
ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា CFU Gaming បានឈ្នះជើងឯកលីគ MPL-KH ររដូវកាលទី៧ ឆ្នាំ២០២៤ បន្ទាប់ពីបានយកឈ្នះក្រុម Galaxy Legends
ក្រុមកម្ពុជាបានឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតអេឡិចត្រូនិកចិន-អាស៊ាន ឆ្នាំ២០២៤ (China-ASEAN Esports Competition)