សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី«កំណែទម្រង់ការផ្សព្វផ្សាយ និងការអត្ថាធិប្បាយលើកីឡាអេឡិចត្រូនិកកម្ពុជា» នៅសាលប្រជុំនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៥។

កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី«កំណែទម្រង់ការផ្សព្វផ្សាយ និងការអត្ថាធិប្បាយលើកីឡាអេឡិចត្រូនិកកម្ពុជា»បើក លោកបណ្ឌិត ជា ច័ន្ទបរិបូណ៌ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា លោក លន់ សាមឌី អគ្គលេខាធិការ លោកស្រី ប្រាក់ សម្ភស្ស ដែលជាពិធីការិនីផ្នែកកីឡាដ៏ល្បីល្បាញដែលមានបទពិសោធច្រើនឆ្នាំ ព្រមទាំងអគ្គលេខាធិការ និងអ្នកចូលរួមដែលបានចែករំលែកបទពិសោធ បច្ចេកទេស និងភាសាផ្លូវការក្នុងវិស័យកីឡា។
អ្នកចូលរួមប្រមាណ ៥០នាក់ដែលជាពិធីករ ពិធីការិនី អ្នកអត្ថាធិប្បាយ អ្នកគ្រប់គ្រង អ្នករៀបចំពីបណ្តាក្រុម ក្លិប កម្មវិធី និងអ្នកពាក់ព័ន្ធលើវិស័យកីឡាអេឡិចត្រូនិកកម្ពុជាសាទរចំពោះកំណែទម្រង់ក្នុងការប្រើប្រាស់ភាសាជាតិឲ្យបានច្រើនតាមដែលអាចទៅរួច។ អ្វីដែលពិសេសពួកគាត់បានសិក្សាស្វែងយល់ ចែករំលែក និងពិគ្រោះយោបល់គ្នាដើម្បីឈានឆ្ពោះទៅរកការប្រើប្រាស់ភាសាកីឡាផ្លូវការឲ្យកាន់តែប្រសើរឡើង។

លោក ជា ច័ន្ទបរិបូណ៌ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានថ្លែងក្នុងពិធីបើកជាផ្លូវការតាមរយៈអនឡាញដោយសារឯកឧត្តមជាប់បំពេញភារកិច្ចនៅក្រៅប្រទេសថា កន្លងមកសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានរៀបចំសិក្ខាសាលាស្តីពីកីឡា Esports ដល់អ្នកសារព័ត៌មានជាច្រើនលើកដើម្បីឲ្យពួកគាត់យល់ថា តើអ្វីទៅជាកីឡាអេឡិចត្រូនិក។ នៅពេលពួកគាត់យល់ ពួកគាត់នឹងសរសេរបានត្រឹមត្រូវក្នុងការផ្សាយឲ្យមហាបានយល់។

លោកបានបន្តថា ឥឡូវនេះដល់ពេលត្រូវកំណែទម្រង់លើផ្នែកអត្ថាធិប្បាយដើម្បីឲ្យពួកគាត់កាន់តែល្អប្រសើរក្នុងការប្រើប្រាស់ភាសាកីឡាផ្លូវការឲ្យកាន់តែច្រើន។ «ពាក្យណាដែលយើងមិនគួរប្រើភាសាបរទេស ដែលភាសាយើងមាន គឺយើងគួរប្រើភាសាខ្មែរ។ ដូចជាពាក្យ Games យើងគួរតែផ្លាស់ប្តូរទៅជាពាក្យខ្មែរវិញ។ សហព័ន្ធបស់យើងគួរតែសរសេរ ចងក្រងពាក្យពេចន៍សំខាន់ៗពីភាសាអង់គ្លេសនៅក្នុងកីឡាអេឡិចត្រូនិក ជាភាសាខ្មែរ។ ចំណុចពិតជាសំខាន់ណាស់ដើម្បីអភិវឌ្ឍកីឡា Esports ឲ្យកាន់តែមានលក្ខណៈស្តង់ដាជាកីឡាអាជីព»។

ក្រោយពេលកិច្ចប្រជុំពិគ្រោះយោបល់ប្រើពេលជិត ៣ ម៉ោង អង្គពិធីទាំងមូលបានឯកភាពគ្នាក្នុងការប្រមូលចង់ក្រងនូវភាសា និងពាក្យបច្ចេកទេសដើម្បីដាក់ជូនលោកបណ្ឌិតជាប្រធានសហព័ន្ធដើម្បីសម្រេច ហើយនឹងត្រូវចែកចាយដល់ ពិធីករ ពិធីការិនី អ្នកអត្ថាធិប្បាយ អ្នកគ្រប់គ្រង អ្នករៀបចំពីបណ្តាក្រុម ក្លិប កម្មវិធី និងអ្នកពាក់ព័ន្ធលើវិស័យកីឡាអេឡិចត្រូនិកកម្ពុជាដើម្បីរួមគ្នាអភិវឌ្ឍឲ្យកាន់តែមានកម្រិតស្តង់ដា និងកីឡាកាន់តែអាជីពពិតប្រាកដ៕

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី«កំណែទម្រង់ការផ្សព្វផ្សាយ និងការអត្ថាធិប្បាយលើកីឡាអេឡិចត្រូនិកកម្ពុជា»
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាស្នើឲ្យម្ចាស់ គណនី ផេកហ្វេសប៊ុក (Page) និងគេហទំព័រ (Website) និងប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់
ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងគណៈកម្មការរប្រតិបត្តិបានរៀបចំកិច្ចប្រជុំជាមួយក្រុមការងារ
រាជធានីភ្នំពេញ ថ្ងៃទីសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សមាគមវប្បធម៌ចិន និងក្រុមហ៊ុន អេជី ថេកណូឡូជី អ៊ិនវេសមិន ឯ.ក
