menu
close បិទ
សុន្ទរកថារបស់់ ឯកឧត្តម​ប្រធាន EFC ក្នុង​ពិធី​​ MoU ជាមួយអាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿង​ញៀន

ពិធី​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នារវាង អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿង​ញៀន និង​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា ក្រោម​វត្តមាន​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ផ្សព្វ​ផ្សាយ​ អប់រំ នៃអាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿង​ញៀន និង​ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋ​លេខាធិការក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា ព្រមទាំង​ឯកឧត្តម លោក​ជំទាវ លោក​ លោក​ស្រី អ្នក​នាង​កញ្ញា និងអ្នក​គាំទ្រ នា​រសៀល ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នៅមជ្ឈមណ្ឌល T.Y Center។

ខាង​ក្រោម​ជា​ប្រសាសន៍​ទាំង​ស្រុង​របស់​ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋ​លេខាធិការក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា ក្នុង​ពិធី​ចុះ​ហត្ថលេខាធិការ​ក្នុង​អនុស្សរណៈនៃ​ការ​យោគ​យល់​គ្នា រវាង អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿង​ញៀន និង​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា។

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ស្តីពី កិច្ចសហការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយ អប់រំ ពីផលប៉ះពាល់ និង គ្រោះថ្នាក់នៃគ្រឿងញៀន។ ក្នុងនាមសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ខ្ញុំពិតជាមានមោទនភាព ដែលបានចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមទស្សនវិស័យ “ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន” សំដៅរួមចំណែកក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកជាអាទិភាពខ្ពស់។

អនុញ្ញាតឲ្យខ្ញុំបានគូសបញ្ជាក់អំពីប្រវត្តិរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។ សហព័ន្ធបានបង្កើតឡើងនៅក្នុងមហាសន្និបាតលើកទី១ របស់ខ្លួននៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤។ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាត្រូវបានទទួលស្គាល់ដោយស្ថាប័នជាតិរួមមាន ក្រសួងអប់រំ យុវជននិងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងនាមជាស្ថាប័នមានតួនាទីភារកិច្ចអភិវឌ្ឍន៍កីឡាអេឡិចត្រូនិកក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យមានការរីកចំរើនស្របតាមគោលការណ៍កីឡាជាតិ-អន្តរជាតិ និងដឹកនាំការប្រកួតកីឡាអេឡិចត្រូនិកថ្នាក់ជាតិ-អន្តរជាតិ និងតំណាងកម្ពុជាទៅចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិ ព្រមទាំងរៀបចំការប្រកួតផ្សេងៗ។ ក្នុងនាមគ្រួសារកីឡាកម្ពុជា សហព័ន្ធកីឡាអេឡិចត្រូនិកក៏ជាសមាជិកនៃគណៈកម្មាធិការប្រឆាំងដូប៉ានៃកម្ពុជា (CADC) និងទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (CADA) ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងដូប៉ាក្នុងវិស័យកីឡាផងដែរ។ នៅលើឆាកអន្តរជាតិ សហព័ន្ធត្រូវបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិ នៃសហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី (Asian Electronic Sports Federation-AESF) សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ (International Esports Federation-IESF) និងសហព័ន្ធកីឡាអេឡិចត្រូនិកពិភពលោក (Global Esports Federation-GEF)។

កីឡាអេឡិចត្រូនិក ជាកីឡាមួយប្រភេទដែលការប្រកួតធ្វើឡើងនៅលើប្រព័ន្ធបច្ចេកវិទ្យាទំនើប ដោយកីឡាករ-កីឡាការិនីប្រើប្រាស់នូវឧបករណ៍អេឡិចត្រូនិករួមមាន ទូរស័ព្ទដៃ ថាប្លេត កុំព្យូទ័រ ជាមធ្យោបាយក្នុងការប្រកួត ដែលជាកត្តាមួយជំរុញឲ្យកីឡាករ កីឡាការិនី គ្រូបង្វឹក និងអ្នកគាំទ្រកីឡានេះ ភាគច្រើនជាយុវជន។ ក្នុងរយៈពេល១០ឆ្នាំមកនេះ ជាមួយនឹងការបំពេញតួនាទី និងបេសកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានជំរុញ និងលើកកម្ពស់កីឡាអេឡិចត្រូនិកឲ្យមានការអភិវឌ្ឍជាបន្ត
បន្ទាប់​ ជាពិសេសគឺការដណ្តើមបានជូនជាតិមាតុភូមិនូវមេដាយពីការប្រកួតកម្រិតតំបន់ និងពិភពលោក រួមមាន កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាអេឡិចត្រូនិកទទួលបានមេដាយសរុបចំនួន៥ រួមមាន មាស ៣ ប្រាក់ ១ និង សំរិទ្ធ ១ និងក្នុងឆ្នាំ២០២៤ នេះទទួលបានមេដាយមាស ពីការប្រកួតកីឡាអេឡិចត្រូនិកអាស៊ាន-ចិន និងមេដាយប្រាក់ គ្រងដំណែងជាជើងឯករងពិភពលោក ពីការប្រកួតជើងឯកពិភពលោក លើកទី១៦ ឆ្នាំ២០២៤ ដែលជាការបំបែកកំណត់ត្រាប្រវត្តិសាស្រ្តរបស់ក្រុមកីឡាការិនីកម្ពុជាដែលបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូង។

បច្ចុប្បន្នកីឡាករ កីឡាការិនី គ្រូបង្វឹក អ្នកអត្ថាធិប្បាយកីឡាអេឡិចត្រូនិក បានក្លាយទៅជាបុគ្គលដែលមានអ្នកគាំទ្រ ដែលការគាំទ្រនោះទៀតសោត ទទួលបានភាគច្រើនមកពីស្រទាប់យុវជន ដែលខ្លះក៏ជាអ្នកលេងកីឡាអេឡិចត្រូនិកនេះផងដែរ។ កត្តាទាំងនេះបានផ្តល់ឳកាស និងជាសក្ខានុពលមួយដល់សហព័ន្ធក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការផ្សព្វផ្សាយ អប់រំ ជំរុញលើកទឹកចិត្តដល់អ្នកគាំទ្រទាំងអស់ ដែលភាគច្រើនជាសិស្ស និស្សិតឲ្យយល់ដឹងស៊ីជម្រៅ និងកាន់តែច្បាស់ តាមរយៈការចូលរួមជាសារអប់រំ ដាស់តឿន និងព័ត៌មានផ្សេងៗ ពីកីឡាករ កីឡាការិនី អ្នកអត្ថាធិប្បាយកីឡា ដោយការបង្ហោះសារនៅក្នុងបណ្តាញសង្គមរបស់ពួកគេ ឬជាការអត្ថាធិប្បាយក្នុងអំឡុងពេលប្រកួត អំពីផលប៉ះពាល់ គ្រោះថ្នាក់ និងវិនាសកម្មដែលបណ្តាលមកពីគ្រឿងញៀន ក៏ដូចជាការចូលរួមទប់ស្កាត់បទ លើសគ្រឿងញៀន ដោយប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ App-No Drug ជាដើម ដែលសាររបស់កីឡាករ កីឡាការិនី អ្នកអត្ថាធិប្បាយកីឡា នឹងបានទៅដល់យុវជនដែលជាអ្នកគាំទ្រ និងទស្សនាកីឡាអេឡិចត្រូនិក ហើយអាចនឹងមានឥទ្ធិពលជ្រួតជ្រាបដល់ពួកគេឲ្យមានការយល់ដឹង ចូលរួមទប់ស្កាត់ និងជៀសឆ្ងាយពីគ្រឿងញៀន ដូចជាពាក្យស្លោកថា លេងកីឡាភ្លេចញៀន ស្ពាយពានចូលផ្ទះ និង ត្រូវនិយាយថាទេចំពោះគ្រឿងញៀន។

ជាមួយនឹងការចុះអនុស្សរណៈយោគយល់គ្នានេះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សូមប្តេជ្ញា និងសង្ឃឹមយ៉ាងមុតមាំថា ការផ្សព្វផ្សាយពាក់ព័ន្ធអំពីបញ្ហាគ្រឿងញៀននឹងកាន់តែមានការផុសផុលឡើងតាម​រយៈ​ការបង្កើតជាកម្មវិធីផ្សេងៗដូចជាសិក្ខាសាលា ឬតាមរយៈការរៀបចំជាការប្រកួតផ្សេងៗ ដែលអាចបញ្ជៀបសារទៅដល់យុវជនឲ្យចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននេះ។

ជាទីបញ្ចប់ ក្នុងឱកាសនៃពិធីចុះអនុស្សរណៈនៃការយោគយល់ រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ស្តីពី កិច្ចសហការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ខ្ញុំសូមគោរពជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី កីឡាករ កីឡាការិនី គ្រូបង្វឹក អ្នកអត្ថាធិប្បាយកីឡា និងអ្នកចូលរួមទាំងអស់ដែលមានវត្តមាននៅទីនេះ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង
សុន្ទរកថារបស់់ ឯកឧត្តម​ប្រធាន EFC ក្នុង​ពិធី​​ MoU ជាមួយអាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿង​ញៀន
សុន្ទរកថារបស់់ ឯកឧត្តម​ប្រធាន EFC ក្នុង​ពិធី​​ MoU ជាមួយអាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿង​ញៀន
MoU រវាង សហព័ន្ធ EFC និង អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿង​ញៀន
MoU រវាង សហព័ន្ធ EFC និង អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿង​ញៀន
ក្រុម CFU Gaming ឈ្នះជើង​ឯក MPL-KH ទទួល​បានកៅជើង​ឯក​ពិភព​លោក M6
ក្រុម CFU Gaming ឈ្នះជើង​ឯក MPL-KH ទទួល​បានកៅជើង​ឯក​ពិភព​លោក M6
កម្ពុជា​ឈ្នះ​មេដាយ​មាសការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ចិន-អាស៊ាន
កម្ពុជា​ឈ្នះ​មេដាយ​មាសការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ចិន-អាស៊ាន