សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ មានពីរវិញ្ញាសាដោយបានធ្វើសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា លោកបណ្ឌិត វង់ ឌីម៉ង់ អគ្គនាយករងអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងតំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មាននៅរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្រសួងព័ត៌មាន ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤មាន២វិញ្ញាសាគឺ Mobile Legends Bang Bang និង eFootball Mobile ដែលជាវិញ្ញាសាដ៏ពេញនៅក្នុងពិភពលោក។ ការប្រកួតធ្វើឡើងពីដំណាក់កាលគឺ វគ្គជម្រុះតាមអនឡាញពីថ្ងៃទី៦ ដល់១៨ ខែវិច្ឆិកា សម្រាប់វិញ្ញាសា eFootboll Mobile និងពីថ្ងៃទី៨ ដល់ថ្ងៃទី២២ ខែវិច្ឆិកា សម្រាប់វិញ្ញាសា MlBB។ ការប្រកួតនៅទីលានផ្ទាល់ នៅថ្ងៃទី១៩-២០ ខែវិច្ឆិកា សម្រាប់វិញ្ញាសា eFootball និងនៅថ្ងៃទី២៣-២៤ សម្រាប់វិញ្ញាសា MLBB នៅមជ្ឈមណ្ឌលកីឡាអេគុចត្រូនិក T.Y Center។

ឯកឧត្តម ជា ចន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានលើកឡើងថា ការប្រកួតជើងឯកថ្នាក់ជាតិនេះក៏ជាផ្នែកមួយនៃការត្រៀមខ្លួន និងសមត្ថភាពរបស់ក្រុមកីឡាករដើម្បីត្រៀមខ្លួនប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខ។ ជាពិសេសកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ ប៉ុន្តែក្រុមកីឡាករនីមួយៗមិនអាចនៅខ្លាំងជារៀងរហូតទេ ប៉ុន្តែសហព័ន្ធនឹងជំរុញលើប្រភេទវិញ្ញសាណាដែលមាននៅក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០២៤។

ឯកឧត្តមប្រធានសហព័ន្ធបានសង្កត់ធ្ងន់ថា ៖«បច្ចុប្បន្ននេះ យើងកំពុងធ្វើបានល្អហើយ តែក៏ត្រូវពង្រឹងលើអាជ្ញាកណ្តាលបន្ថែមទៀត។ ដរាបណាមានខ្ញុំ កីឡាអេឡិចត្រូនិកគឺត្រូវតែ Fair Play ជានិច្ច គ្មានបក្សពួក គ្មានខ្សែដាច់ខាត។ យើងត្រូវតែពង្រឹងទាំងគោលការយុត្តិធម៌ និងវិន័យ ក្រមសីលធម៌ ដើម្បីក្លាយជាកីឡាអាជីពពិតប្រាកដ»។

ការប្រកួតជើងឯកថ្នាក់ជាតិនេះរៀបចំដោយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិនេះមានប្រាក់រង្វាន់សរុប១៦លានរៀល។ វិញ្ញាសា MLBB លេខ១ទទួលបានប្រាក់រង្វាន់៦លានរៀល, លេខ២ទទួលបាន៤លានរៀល និងលេខ៣ ទទួលបាន២,៥លានរៀល។ ចំពោះវិញ្ញាសា Efootball លេខ១ទទួលបាន ១.៤ លានរៀល, លេខ២ ទទួលបាន ១.២ លានរៀល និងលេខ៣ ទទួលបាន៩០ម៉ឺនរៀល។

ទន្ទឹមជាមួយគ្នានេះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានបង្ហាញក្រុមអេឡិចត្រូនិក២ក្រុមដែលនឹងចេញទៅប្រកួតនៅក្រៅប្រទេសក្នុងខែវិច្ឆិកានេះ។ ក្រុមកីឡាការិនី CFU Serendipity តំណាងក្រុមជម្រើសជាតិ (ANGKOR WARRIORS) ទៅចូលរួមប្រកូត ជើងឯកពិភពលោក លើកទី១៦ នៅរាជធានីរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីតពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

បន្ទាប់មក ក្រុមកីឡាករ និងកីឡាការិនី ជម្រើសជាតិ (ANGKOR WARRIORS ) នឹងទៅចូលរួមប្រកួត ASIAN ESPORTS GAMES 2024 លើ២វិញ្ញាសាគឺ MLBB FEMALE និង eFootball Mobile នៅប្រទេសថៃពី ថ្ងៃទី២៣ ល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ប៉ុន្តែវិញ្ញាសា eFootball Mobile ប្រកួតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤៕



ការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២៥ បានដំណើរការប្រកួតចាប់ពីថ្ងៃទី៥ ដល់ ថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៦
លទ្ធផលនៃការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកថ្នាក់ជាតិ លើវិញ្ញាសា Mobile Legends Bang Bang ដែលចំណាត់ថ្នាក់លេខ១បានទៅក្រុម Team Max,
លទ្ធផលនៃការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកថ្នាក់ជាតិ លើវិញ្ញាសា eFootball ដែលចំណាត់ថ្នាក់លេខ១បានទៅកីឡាករ រី សកក្កដា
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានរៀបចំធ្វើសន្និសីទសារព័ត៌មានស្តីពីការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤
