អ្នកស្រី ស៊ី វណ្ណា និងស្វាមីបានយកបាច់ផ្កាទៅទទួលកូនប្រុសនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីក្រុមកីឡាអេឡិចត្រូនិកកម្ពុជាបានវិលត្រឡប់មកពីការប្រកួតកីឡាអេឡិចត្រូនិកចិន-អាស៊ាន ឆ្នាំ២០២៤។
អ្នកស្រីជាម្តាយរបស់កីឡាករ ជាង ពិសិដ្ឋ ប្រធានក្រុមកីឡាអេឡិចត្រូនិកកម្ពុជា បានប្រាប់អ្នកសារព័ត៌មានថា ៖«ខ្ញុំអត់ជំទាស់អ្វីទេ កូនចូលចិត្តអ្វី ខ្ញុំគាំទ្រជានិច្ច។ ខ្ញុំពិតជាត្រេកអរដែលកូនបាននាំមេដាយមាសជូនជាតិ។ គាត់តំណាងឲ្យប្រទេសជាតិ ហើយគាត់បានមេដាយមាស ខ្ញុំពិតជាត្រេកអរណាស់។ តាំងពីដើមមក ខ្ញុំអត់ដែលជំទាស់នឹងចំណង់ចំណូលចិត្តកូនទេ។ កូនស្រឡាញ់វិស័យកីឡាអេឡិចត្រូនិក ខ្ញុំក៏ស្រឡាញ់ផ្នែកហ្នឹងដែរ»។
ជាមួយគ្នានេះ ជាង ពិសិដ្ឋ បានរៀបរាប់ពីស្ថានភាពក្នុងការប្រកួតនៅប្រទេសចិនថា ការប្រកួតនៅប្រទេសចិនខុសប្លែក Sever តិចតូច ពីព្រោះមិនមែនលក្ខណៈទូទាំងពិភពលោក។ ការចាប់ផ្តើមដំបូងមិនសូវទាន់យល់ច្បាស់ ប៉ុន្តែចាប់ពីការប្រកួតទី២ទៅទើបកាន់តែយល់ច្បាស់ពីរបៀបលេង។
កីឡាករបាននិយាយថា ៖«ចាប់ពីប៉ះមីយ៉ាន់ម៉ា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមយើងយល់ច្បាស់៨០ទៅ៩០%។ អីចឹងយើងបានដឹងពីរបៀបលេង ការប្រើយុទ្ធសាស្ត្ររហូតទទួលបានជ័យជម្នះ»។
ក្រុមកម្ពុជាបានឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតអេឡិចត្រូនិកចិន-អាស៊ាន ឆ្នាំ២០២៤ (China-ASEAN Esports Competition) លើវិញ្ញាសា Mobile Legends Bang Bang បន្ទាប់ពីឈ្នះម៉ាឡេស៊ី ដោយលទ្ធផល ២-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។ នៅវគ្គសន្សំពិន្ទុក្នុងពូល ក្រុមកម្ពុជា បានឈ្នះ ហ្វីលីពីន ១-០, ឈ្នះម្ចាស់ផ្ទះចិន ១-០ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ត្រូវបានមីយ៉ាន់ម៉ា យកឈ្នះ ០-១ មុន ប៉ុន្តែកម្ពុជាបានវាយបកយកឈ្នះ២-១។
ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកចិន-អាស៊ានដែលរៀបចំឡើងដោយសហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ស្របពេលសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានបញ្ជូនពីរវិញ្ញាសាគឺ Mobile Legends Bang Bang និងវិញ្ញាសា Honor of King ប៉ុន្តែវិញ្ញាសា Honor of King ធ្វើមិនបានល្អទេដោយធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល។ ការវិលត្រឡប់មកដល់ប្រទេសកំណើតវិញរបស់ប្រតិភូ និងក្រុមកីឡាករអេឡិចត្រូនិកកម្ពុជាជាមួយមេដាយមាសត្រូវបានទទួលស្គាល់ស្វាគមន៍ដោយលោក ជា ច័ន្ទបរិបូណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សាច់ញាតិ អ្នកគាំទ្រ និងអ្នកសារព័ត៌មាន៕
ក្រុមកម្ពុជាបានឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតអេឡិចត្រូនិកចិន-អាស៊ាន ឆ្នាំ២០២៤ (China-ASEAN Esports Competition)
អ្នកស្រី ស៊ី វណ្ណា និងស្វាមីបានយកបាច់ផ្កាទៅទទួលកូនប្រុសនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីល្ងាចថ្ងៃទី២៩ ខែកញ្ញា
ក្រុមកីឡាអេឡិចត្រូនិកអ្នកចម្បាំងអង្គរ បានក្លាយជាម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកចិន-អាស៊ាន
សហព័ន្ធបានទទួលស្គាល់ក្រុម YOUNG BROTHERS ESPORTS ជាសមាជិកក្រុមកីឡាអេឡិចត្រូនិក របស់សហព័ន្ធជាតិ។