សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានបើកវគ្គបណ្តុះបណ្តាល«ចៅក្រម-អាជ្ញាកណ្តាលកីឡាអេឡិចត្រូនិកថ្នាក់មូលដ្ឋាន»ដោយទទួលបានការចូលរួមពីសិក្ខាកាមចំនួន៣១រូបដែលត្រូវបានបិទបញ្ចប់កាលពីថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានបង្ហាញថា ដោយមានការចង្អុលបង្ហាញពីលោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ស្របតាមការឧបត្ថម្ភថវិកាពីក្រសួងអប់រំ យុវជន និងកីឡាសម្រាប់ការអភិវឌ្ឍលើគោលដៅសំខាន់៣គឺ ការងាររដ្ឋបាល ការងារបណ្តុះបណ្តាល និងការរៀបចំព្រឹត្តិការណ៍ប្រកួត ដូច្នេះសហព័ន្ធបានរៀបចំឲ្យមានវគ្គបណ្តុះបណ្តាល«ចៅក្រម-អាជ្ញាកណ្តាលកីឡាអេឡិចត្រូនិកកម្រិតមូលដ្ឋាន»នេះដើម្បីបង្កើនធនធានមនុស្សក្នុងវិស័យកីឡាអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះរយៈពេល៥ថ្ងៃត្រូវបានចាប់ផ្តើមបើកកាលពីថ្ងៃទី១៩ ដល់ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ដោយផ្តោតលើគោលការណ៍សំខាន់ចំនួន៥គឺ១ រចនាសម្ព័ន្ធ និងរដ្ឋបាលកីឡា ២. នីតិសាស្ត្រក្នុងវិស័យកីឡាអេឡិចត្រូនិក ៣.ច្បាប់ប្រឆាំងសារធាតុហាមឃាត់ Anti Doping ៤. ក្របខណ្ឌការងារ និងបទបញ្ជានៃការប្រកួតរបស់អាជ្ញាកណ្តាលជាតិ និង៥. ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។
លោកអគ្គលេខាធិការបានឲ្យបញ្ជាក់ថា សមាជិកដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលចៅក្រម-អាជ្ញាណ្តាលកម្រិតមូលដ្ឋាននេះចំនួន៣៩រូបក្នុងនោះ គ្រូឧទ្ទេស៨រូប និងសិក្ខា៣១រូបដែលមានស្ត្រី៥រូប។
គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងដើម្បីដើរលើផ្លូវបង្កើនធនធានមនុស្សជាកត្តាសំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡានៅក្នុងប្រទេសកម្ពុជា។ នេះជាលើកដំបូងហើយដែលសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលចៅក្រុម-អាជ្ញាកណ្តាល។
លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានធ្វើការវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាលចៅក្រម-អាជ្ញាកណ្តាលកម្រិតមូលដ្ឋាននេះ។ សិក្ខាកាមទាំងអស់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យបានក្លាយជាធនធានមនុស្សសំខាន់របស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាសម្រាប់ចូលរួមធ្វើការងារក្នុងព្រឹត្តិការណ៍ប្រកួតនានា។
នៅក្នុងពិធីបិទ លោក ជា ច័ន្ទបរិបូរណ៍ បានពន្យល់បន្ថែមពីអ្វីទៅដែលជាកីឡាអេឡិចត្រូនិក ឬ Esports និងប្រវត្តិនៃការតស៊ូរបស់សហព័ន្ធក្នុងការបញ្ជ្រាបព័ត៌មានដល់អ្នកសារព័ត៌មាន និងមហាជនឲ្យយល់ច្បាស់ពី Esports ដើម្បីកុំឲ្យយល់ច្រឡំពាក់ព័ន្ធនឹងល្បែងស៊ីសង។
លោកប្រធានសហព័ន្ធបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ឲ្យព្យាយាមសិក្សាស្វែងយល់ និងអនុវត្តបន្ថែមដើម្បីឲ្យយល់ច្បាស់ពីលក្ខន្តិកៈ និងគោលការណ៍របស់កីឡាអេឡិចត្រូនិកដើម្បីឆ្ពោះទៅក្លាយជាចៅក្រុម-អាជ្ញាកណ្តាលកម្រិតខ្ពស់ទៅតាមជំនាញនៃវិញ្ញាសានីមួយៗ។
ក្នុងពិធីបិទកាលពីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចូលរួមជាគណៈអធិបតីដោយលោក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក អ៊ុក ឌីវ៉ង់ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មការប្រតិបត្តិនៃសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា៕
សេចក្តីប្រកាសព័ត៌មាន បញ្ជាក់បន្ថែមពីគោលបំណងដែលតម្រូវឲ្យមានការដាក់ពាក្យស្នើសុំរៀបចំការប្រកួតកីឡាអេឡិចត្រូនិក មកកាន់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា សហព័ន្ធបានទទួលស្គាល់ក្រុម DUCK RICE ESPORTS
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា សហព័ន្ធបានទទួលស្គាល់ក្លឹប SE7EN E-SPORT ខេត្តបាត់ដំបង
ក្រុម OSJA Esports ជើងឯកក្នុងការប្រកួតជម្រុះថ្នាក់ជាតិ និងជាក្រុមតំណាងឲ្យកម្ពុជា ក្នុងនាមជាក្រុមអ្នកចម្បាំងអង្គរ (Angkor Warriors)